ស្ថាប័នគាំទ្រការចុះបញ្ជី

ស្ថាប័នគាំទ្រការចុះបញ្ជីគឺជាស្ថាប័នមួយ ដែលត្រូវបានកន្លែងការងារពលករជំនាញប្រគល់ភារកិច្ចទាំងអស់ក្នុងការអនុវត្តផែនការគាំទ្រ និងសម្របសម្រួលពលករជំនាញកម្រិត១ បរទេស។
កន្លែងការងារពលករជំនាញមានកាតព្វកិច្ចក្នុងការគាំទ្រ និងសម្របសម្រួលពលករជំនាញកម្រិត១ បរទេសក៏ពិតមែន ក៏ប៉ុន្តែកន្លែងការងារពលករជំនាញក៏អាចមានសិទ្ធិប្រគល់ភារកិច្ចដូចដែលបានរៀបរាប់ខាងលើ ទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី។
ស្ថាប័នគាំទ្រការចុះបញ្ជីដែលបានទទួលភារកិច្ចដូចដែលបានរៀបរាប់ខាងលើពីសំណាក់កន្លែងការងារពលករជំនាញ នឹងអនុវត្តផែនការគាំទ្រ និងសម្របសម្រួលពលករជំនាញកម្រិត១ បរទេស។

ដើម្បីក្លាយជាស្ថាប័នគាំទ្រការចុះបញ្ជី យើងគប្បី ៖

  • ・ត្រូវចុះបញ្ជីនៅការិយាល័យអន្តោប្រវេសន៍
  • ・ស្ថាប័នដែលបានចុះបញ្ចីត្រឹមត្រូវស្របច្បាប់ គឺនឹងមានឈ្មោះនៅក្នុងតារាងឧបសម្ព័ន្ធស្ដីអំពីស្ថាប័នគាំទ្រការចុះបញ្ជី ព្រមទាំងត្រូវបានគេចុះផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ការិយាល័យអន្តោប្រវេសន៍។
  • ・រយៈពេលចុះបញ្ជីមានសុពលភាពចំនួន ៥ឆ្នាំ។ ប្រសិនបើមានបំណងចង់បន្តសុពលភាពនៃការចុះបញ្ជី គឺអាចមានសិទិ្ធក្នុងការបន្តសុពលភាពបាន។
  • ・ការបង់កម្រៃជើងសារសម្រាប់ការចុះបញ្ជីជាករណីចាំបាច់។
    ការចុះបញ្ជីថ្មីត្រូវបង់ទឹកប្រាក់ចំនួន ២៨.៤០០ យ៉េន
    ការបន្តសុពលភាពនៃការចុះបញ្ជីត្រូវបង់ទឹកប្រាក់ចំនួន ១១.១០០ យ៉េន
  • ・ត្រូវធ្វើការជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រវេសន៍ជាប្រចាំ ឬតាមកាលកំណត់។

1. ស្ដង់ដារសម្រាប់ទទួលការចុះបញ្ជី

ក. ជាស្ថាប័នមួយដែលត្រឹមត្រូវស្របច្បាប់ (ឧទាហរណ៍ ៖ ក្នុងរយៈពេលចំនួន ៥ឆ្នាំ គ្មានការប្រពឹ្រត្តិខុសច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ)

ខ. មានប្រព័ន្ធគាំទ្រ និងសម្របសម្រួលជនបរទេស (ឧទាហរណ៍ ៖ ការគាំទ្រ និងសម្របសម្រួលជនបរទេស តាមរយៈការពិភាក្សាប្រឹក្សាយោបល់ជាភាសាដែលជនបរទេសអាចយល់បានយ៉ាងច្បាស់លាស់)

2. កាតព្វកិច្ចរបស់ស្ថាប័នគាំទ្រការចុះបញ្ជី

ក. អនុវត្តការគាំទ្រ និងសម្របសម្រួលដ៏សមស្រប និងត្រឹមត្រូវជូនដល់ជនបរទេស

ខ. ធ្វើការជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រវេសន៍

※សូមកត់សម្គាល់ដោយប្រយ័ត្នថា ប្រសិនបើមានការធ្វេសប្រហែសទៅលើចំនុចដូចដែលបានរៀបរាប់ខាងលើ នឹងត្រូវប្រឈមមុខនឹងការលុបឈ្មោះចេញពីការចុះបញ្ជី។

ល័ក្ខខ័ណ្ឌចាំបាច់នានានៃស្ថាប័នគាំទ្រការចុះបញ្ជី

សាជីវកម្ម ឬបុគ្គលដែលបំពេញតាមតម្រូវការចាំបាច់នានា និងស្ដង់ដារសម្រាប់ការចុះបញ្ជីបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបានចុះបញ្ជីនៅក្នុងការិយាល័យអន្តោប្រវេសន៍រួចរាល់ហើយ អាចមានសិទ្ធិក្លាយជាស្ថាប័នគាំទ្រការចុះបញ្ជី។


ហេតុផលមួយចំនួនសម្រាប់បដិសេធការចុះបញ្ជីរបស់ស្ថាប័នគាំទ្រការចុះបញ្ជី

ពាក់ព័ន្ធទៅនឹងការចុះបញ្ជីរបស់ស្ថាប័នគាំទ្រការចុះបញ្ជី គឺមានហេតុផលមួយចំនួនដែលបដិសេធសម្រាប់ការចុះបញ្ជី។
ប្រសិនបើមិនពាក់ព័ន្ធទៅនឹងករណីដូចដែលបានរៀបរាប់ខាងក្រោមទេ ទោះបីជាសាជីវកម្មក៏ដោយ ជាបុគ្គលក៏ដោយ គឺអាចមានសិទិ្ធចុះបញ្ជីក្នុងនាមជាស្ថាប័នគាំទ្រការចុះបញ្ជី។

  1. បុគ្គលដែលត្រូវបានគេផ្តន្ទាទោសតាមផ្លូវច្បាប់ដែលពាក់ព័ន្ធ ដោយក្នុងរយៈពេល ៥ឆ្នាំគិតចាប់ពីថ្ងៃដែលរួចផុតពីទោសនោះមិនទាន់បានកន្លងផុតទៅ
  2. បុគ្គលដែលមិនអាចអនុវត្តភារកិច្ចគាំទ្រ និងសម្របសម្រួលឲ្យបានត្រឹមត្រូវដោយសារតែបញ្ហារាងកាយ ឬផ្លូវចិត្ត។ បុគ្គលដែលបានសម្រេចចាប់ផ្តើមអនុវត្តនីតិវិធីក្ស័យធន ប៉ុន្តែមិនអាចធ្វើប្រត្យាស្ថាប័ន (ការស្តារឡើងវិញឲ្យដូចដើម)វិញបាន។ ល។
  3. បុគ្គលដែលត្រូវបានគេលុបឈ្មោះចេញពីការចុះបញ្ជី ដោយរយៈពេល ៥ឆ្នាំគិតចាប់ពីថ្ងៃនៃការលុបឈ្មោះចេញពីការចុះបញ្ជីក្នុងនាមជាស្ថាប័នគាំទ្រការចុះបញ្ជីមិនទាន់បានកន្លងផុតទៅ (រួមទាំងបុគ្គលដែលជាបុគ្គលិកនៃសាជីវកម្មដែលត្រូវបានគេលុបឈ្មោះចោលពីការចុះបញ្ជី)
  4. បុគ្គលដែលបានប្រព្រឹត្ដអំពើខុសច្បាប់ ឬអយុត្តិធម៌ណាមួយដែលគួរឲ្យកត់សម្គាល់ទាក់ទងនឹងច្បាប់អន្តប្រវេសន៍ និងច្បាប់ការងារក្នុងរយៈពេល ៥ឆ្នាំមុនកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំការចុះបញ្ជី។
  5. បុគ្គលដែលមានការពាក់ព័ន្ធទៅនឹងក្រុមជនអន្ធពាល
  6. បុគ្គលដែលមានការរួមចំណែកពាក់ព័ន្ធទៅនឹងការបាត់ខ្លួនកម្មសិក្សាការីមានជំនាញ ឬពលករជំនាញ ដោយសារហេតុផលមួយចំនួនដែលបណ្តាលមកពីការស្តីបន្ទោសផ្ទាល់ខ្លួនរបស់ពួកគេក្នុងរយៈពេល ១ឆ្នាំកន្លងមក បើទោះបីជាបុគ្គលនោះបានដឹងយ៉ាងច្បាស់ថារូបគេជាអ្នកអនុវត្តការគាំទ្រ និងសម្របសម្រួលនៅក្នុងកន្លែងការងារពលករជំនាញដោយផ្ទាល់ ឬប្រព័ន្ធបណ្តុះបណ្តាលកម្មសិក្សាការីមានជំនាញក៏ដោយ។
  7. បុគ្គលដែលមិនត្រូវបានតែងតាំងជាអ្នកទទួលខុសត្រូវលើការគាំទ្រ និងសម្របសម្រួល ឬអ្នកមានភារកិច្ចលើការគាំទ្រ និងសម្របសម្រួល (បុគ្គលតែម្នាក់អាចមានតួនាទីជាអ្នកទទួលខុសត្រូវលើការគាំទ្រ និងសម្របសម្រួលផង និងជាអ្នកមានភារកិច្ចលើការគាំទ្រ និងសម្របសម្រួលផង)
  8. បុគ្គលដែលមិនពាក់ព័ន្ធនឹងករណីដូចដែលបានរៀបរាប់ខាងក្រោម
    1. ក. ក្នុងអំឡុងពេល ២ឆ្នាំកន្លងមក ត្រូវមានបទពិសោធន៍ក្នុងការទទួល ឬគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនរយៈពេលមធ្យម និងរយៈពេលយូរ
    2. ខ. ក្នុងអំឡុងពេល ២ឆ្នាំកន្លងមក គឺជាបុគ្គលដែលមានបទពិសោធន៍ក្នុងការពិគ្រោះប្រឹក្សាយោបល់នានាជាមួយជនបរទេសដែលរស់នៅ និងបម្រើការងារស្របច្បាប់ក្នុងគោលបំណងដើម្បីស្វែងរកប្រាក់នៅក្នុងប្រទេសជប៉ុន
    3. គ. ក្នុងអំឡុងពេល ៥ឆ្នាំកន្លងមក គឺជាអ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួល ក៏ដូចជាអ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួលដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងភារកិច្ចពិភាក្សាប្រឹក្សាយោបល់ពាក់ព័ន្ធទៅនឹងជីវភាពប្រចាំថ្ងៃរបស់ជនបរទេស ដែលរស់នៅក្នុងប្រទេសជប៉ុនរយៈពេលមធ្យម និងរយៈពេលយូរ យ៉ាងហោចណាស់ចាប់ពី ២ពីរឆ្នាំឡើងទៅ ឬច្រើនជាងនេះ
    4. ឃ. បុគ្គលដែលអាចអនុវត្តការងារគាំទ្រ និងសម្របសម្រួលឱ្យបានត្រឹមត្រូវដូចគ្នានឹងចំនុច ក ឬចំនុច ខ
  9. បុគ្គលដែលមិនអាចរៀបចំ ឬគ្មានប្រព័ន្ធគាំទ្រ និងសម្របសម្រួលជូនដល់ជនបរទេសក្នុងការផ្តល់ព័ត៌មាន និងការពិគ្រោះយោបល់ជាភាសាដែលជនបរទេសអាចយល់បានច្បាស់លាស់។ ល។
  10. បុគ្គលដែលមិនបានរៀបចំឯកសារទាក់ទងនឹងស្ថានភាពអនុវត្តការងារគាំទ្រ និងសម្របសម្រួល ព្រមទាំងមិនបានរក្សាទុកនូវឯកសារដែលពាក់ព័ន្ធនានាលើសពីមួយឆ្នាំដោយគិតចាប់ពីថ្ងៃដែលបានបញ្ចប់កិច្ចសន្យាការងារ
  11. អ្នកទទួលខុសត្រូវលើការគាំទ្រ និងសម្របសម្រួល ឬអ្នកមានភារកិច្ចលើលើការគាំទ្រ និងសម្របសម្រួល ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
  12. បុគ្គលដែលមានចេតនាចង់ឲ្យជនបរទេសជាអ្នកចំណាយដោយផ្ទាល់ ឬដោយប្រយោលទៅលើសេវាកម្មការគាំទ្រ និងសម្របសម្រួល
  13. នៅពេលដែលចុះកិច្ចសន្យាផ្តល់ការគាំទ្រ និងសម្របសម្រួល បុគ្គលដែលមិនបានបង្ហាញ និងបញ្ជាក់ឲ្យបានច្បាស់លាស់អំពីចំនួនទឹកប្រាក់ និងមាតិកានៃការចំណាយនានាដែលត្រូវការចាំបាច់សម្រាប់ការគាំទ្រ និងសម្របសម្រួលទៅកាន់ស្ថាប័នទទួល ។

កាតព្វកិច្ចរបស់ស្ថាប័នគាំទ្រការចុះបញ្ជី

  • ក. ផ្តល់ការគាំទ្រ និងសម្របសម្រួលដ៏ត្រឹមត្រូវ និងសមស្របដល់ជនបរទេស
  • ខ. ធ្វើការជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រវេសន៍

※សូមកត់សម្គាល់ដោយប្រយ័ត្នថា ប្រសិនបើមានការធ្វេសប្រហែសទៅលើចំនុចដូចដែលបានរៀបរាប់ខាងលើ នឹងត្រូវប្រឈមមុខនឹងការលុបឈ្មោះចេញពីការចុះបញ្ជី។

ការជូនដំណឹងរបស់ស្ថាប័នគាំទ្រការចុះបញ្ជី

ស្ថាប័នគាំទ្រការចុះបញ្ជីមានកាតព្វកិច្ចត្រូវជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រវេសន៍ជាប្រចាំ និងតាមកាលកំណត់
សូមកត់សម្គាល់ដោយប្រុងប្រយ័ត្នថា ប្រសិនបើខកខានមិនបានជូនដំណឹងតាមកាលកំណត់ ឬជូនដំណឹងភូតកុហកប្រាសចាកពីការពិតពាក់ព័ន្ធនឹងកន្លែងការងារពលករជំនាញ នឹងត្រូវបានគេលុបឈ្មោះចេញពីការចុះបញ្ជី។

●ការជូនដំណឹងតាមកាលកំណត់

ប្រសិនបើមានករណីណាមួយដូចដែលរៀបរាប់ខាងក្រោមត្រូវបានផ្លាស់ប្តូរ ក្នុងរយៈពេល ១៤ថ្ងៃបន្ទាប់ពីករ ណីនោះបានកើតឡើង ស្ថាប័នគាំទ្រការចុះបញ្ជីមានកាតព្វកិច្ចត្រូវជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រ វេសន៍ប្រចាំតំបន់ដែលគ្រប់គ្រង់ដែនសមត្ថកិច្ចដែលស្ថាប័នគាំទ្រការចុះបញ្ជីតាំងនៅ ដោយដាក់ផ្ទាល់ ឬផ្ញើតាមប្រៃសនីយ៍។。

  • ជូនដំណឹងពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរចំនុចស្នើសុំណាមួយនៃការចុះបញ្ជី
  • ជូនដំណឹងពាក់ព័ន្ធទៅនឹងការផ្អាកភារកិច្ចគាំទ្រ និងសម្របសម្រួល

●ការជូនដំណឹងជាប្រចាំ

ពាក់ព័ន្ធទៅនឹងការជូនដំណឹងដូចដែលមានរៀបរាប់ខាងក្រោម ស្ថាប័នគាំទ្រការចុះបញ្ជីមានកាតព្វកិច្ចត្រូវជូនដំណឹងជារៀងរាល់ត្រីមាសម្ដង ក្នុងចន្លោះរយៈពេល ១៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី១ នៃត្រីមាសបន្ទាប់ទៅកាន់ការិយាល័យអន្តោប្រវេសន៍ប្រចាំតំបន់ដែលគ្រប់គ្រង់ដែនសមត្ថកិច្ចដែលស្ថាប័នគាំទ្រការចុះបញ្ជីតាំងនៅ ដោយដាក់ផ្ទាល់ ឬផ្ញើតាមប្រៃសនីយ៍។

  • ការជូនដំណឹងពាក់ព័ន្ធទៅនឹងស្ថានភាពអនុវត្តការគាំទ្រ និងសម្របសម្រួល។ ល។
    ឧទាហរណ៍ ៖ ឈ្មោះពលករជំនាញបរទេស ឈ្មោះស្ថាប័នទទួល ខ្លឹមសារនៃការពិគ្រោះយោបល់ពីពលករជំ នាញបរទេស ព្រមទាំងដំណោះស្រាយបញ្ហាពាក់ព័ន្ធ។ ល។

ត្រីមាសត្រូវបានកំណត់ដូចខាងក្រោម។

  • 1. ត្រីមាសទី១ ៖ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា
  • 2. ត្រីមាសទី២ ៖ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា
  • 3. ត្រីមាសទី៣ ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា
  • 4. ត្រីមាសទី៤ ៖ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ

新型コロナウイルス感染症対策について、当事務所の取り組みを記載しております。

新型コロナウイルス感染症対策について